December 23, 2012

Strage Stories~ A Kiss Mysterious




 She put her soft, pinky lips on my lips. I felt wondeful....
        

             On one wonderful winter night, about a week ago, I encountered the most wonderful experience in my life. My friends and I were roaming a street of Tokyo. It was so cold outside, so we wore thick clothes so as to avoid catching a cold. As I remember, it was around 11p.m and there were not many people in the street. We were walking chit-chatting happily when suddenly all of my friends disappeared. I was so shocked that I didn't know what to do besides running as fast as I possibly could. I ran into a small house, where I met a young, beautiful, Japanese girl whose age was around 18 years old. She smiled at me and said that she was waiting for me. Hesitant and surprised, I couldn't utter even a single word. My heart ran up to my throat and blocked my vocal cord from producing any sounds. She approached me and leaned her head toward me. She put her soft, pinky lips on my lips. I closed my eyes at that time, but I could feel wonderful. Ouch....,, I cried upon I opened my eyes and couldn't see her. "Where's she gone?", I shouted. I shouted until I woke up and realized that it was just a dream.

December 22, 2012

ទស្សនកិច្ចសិក្សាស្តីពីការស្ថាបនាឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយដោយរញ្ជួយដី និងរលកយក្សស៊ូណាមី


សេចក្តីផ្តើម

          ដើម្បី​ស្តារ​ឡើង​វិញពី​មហា​គ្រោះ​មហន្តរាយដែលបានកើតមាន​នៅ​នៃ​ប្រទេស​​ជប៉ុន​ ក្រសួង​​ការ​បរទេស​ជប៉ុនបានអនុវត្ត​នូវ​កម្មវិធី​ទំនាក់ទំនងផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​​រវាង​យុវជន​យុវនារី ក្នុង​បំណង​ជំរុញ​ការ​យល់​ដឹង​ពី​សង្គម​អន្តរជាតិលើការ​ស្តារ​ប្រទេស​ជប៉ុន​ឡើង​វិញ។ ហេតុដូច្នេះហើយ​ទើប​យើង​ខ្ញុំ​អាច​មាន​ឱ​កាស​បានទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​ក្នុង​ប្រទេស​ជប៉ុន​រយៈពេល​១០ថ្ងៃ ក្នុង​នាម​តំណាង​ឲ្យ​និស្សិត​ខ្មែរ​ ក៏ដូចជា​តំណាង​ឲ្យប្រជា​ជន​ខ្មែរ​ទាំង​មូល​ផងដែរ។ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ​យើង​ខ្ញុំ​បាន​ទទួល​នូវ​ចំណេះ​ដឹង​ជា​ច្រើន​ដែល​ពួក​យើងពុំ​ធ្លាប់​ដឹង​ពី​មុន​មក ព្រមជា​មួយ​ការទទួល​រាក់​ដ៏​កក់​ក្តៅ​របស់​ប្រជា​ជន​ជប៉ុន​គឺ​រឹតតែ​ធ្វើ​ឲ្យ​បណ្តា​គណៈប្រតិភូដែលបាន​ចូលរួមទាំង​អស់​រួមមាន​​ខ្ញុំបាទផងដែរ​នោះ​ មាន​អារម្មណ៍​រំភើប ហើយ​ខិតខំ​ប្រឹង​ប្រែង​បំពេញ​កម្មវិធី​ទស្សនកិច្ច​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព និង​ជោគជ័យ​ប្រកប​ដោយ​ភាពថ្លៃថ្នូរបំផុត។ បន្ទាប់ទៅ​នេះគឺ​ជា​របាយការណ៍ស្តី​ការ​ដំណើរ​ទស្សនកិច្ច​ដ៏​ល្អមួយនេះ ដែល​ខ្ញុំបាទ​បាន​ចង​ក្រង​រៀប​រៀងទុក​ជា​ឯកសារ ហើយ​​ខ្ញុំបាទក៏​សូម​អភ័យ​ទោស​ផង​ដែរ​ចំពោះរាល់​កំហុសឆ្គងផ្សេងៗ​ដែល​កើត​មាន​ឡើង​ដោយ​អចេតនា​នៅ​ក្នុង​របាយការណ៍មួយ​នេះ។

                                                                                                
                                                                               ​​​​  ទីក្រុងតូក្យូ ប្រទេសជប៉ុន​ ២០ ធ្នូ ២០១២
                                                                          ​​​​​​​​​​​​​​            ​           ដោយក្តីរាប់អានដ៏ខ្ពង់ខ្ពស់

                                                                                                អ៊ុក សុវណ្ណារ៉ា
                                                                                               ប្រតិភូមកពីព្រះរាជាណាចក្រកម្ពុជា


របាយការណ៍នៃដំណើរទស្សនកិច្ច


ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២(ថ្ងៃទី១)

ថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០១២ ជាថ្ងៃទីមួយ​ដែល​ខ្ញុំបានដល់​ទឹក​ដីនៃប្រទេស​ជប៉ុន។ ចាប់តាំងពីបានមក​អាកាសយានដ្ឋានអន្តរជាតិរបស់​ប្រទេស​ជប៉ុនភ្លាម​ ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងចំពោះអាកាសធាតុដែល​មាន​លក្ខណៈត្រជាក់ខ្លាំង ខុសប្លែក​ពីអ្វី​ដែល​ខ្ញុំធ្លាប់បាន​ជួប​នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំក៏មានការចាប់អារម្មណ៍ផងដែរទៅលើសោភ័ណភាពទីក្រុងTokyoទាំងមូល​ ដែល​ពោរពេញទៅដោយ​ផ្លូវខ្វាត់ខ្វែងនិង​មាន​ជាច្រើន​ជាន់​ទៀតផង។ មួយវិញទៀតខ្ញុំសង្កេត​ឃើញថា​តាម​ដង​ផ្លូវ​ និងជុំ​វិញ​បរិវេណ​អគារ​នា​នា​ក្នុង​ទី​ក្រុង​មួយ​នេះ​គ្មាន​សំរាម​ ឬ​ កាក​សំណល់​ណា​មួយ​នៅ​ក្រៅ​ធុង​សំរាម​នោះ​ទេ នេះ​ស​បញ្ជាក់​ពី​ភាព​ថ្លៃថ្នូររបស់​ប្រជាជន​ជប៉ុន​ដែល​មាន​ចិត្ត​ចេះ​ស្រឡាញ់​បរិស្ថាន​ និង​ទីក្រុង​របស់​ពួក​គេពិត​ប្រាកដមែន។ រីឯមធ្យោបាយ​សាធារណៈក្នុង​ទី​ក្រុង​មួយ​នេះ​ក៏​មាន​ច្រើន​សម្បូរបែប​ណាស់​ដែរ​ ពោរ​គឺ​មិន​ចាញ់​បណ្តា​ប្រទេស​នៅ​អឺរ៉ុបប៉ុន្មានទេ។ បន្ទាប់ពីបានទទួលការពន្យល់មួយចំនួនទាក់ទងនឹងគ្រោះមហន្តរាយនៅប្រទេសជប៉ុនដែលកើតមាន​ឡើង​នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ អ្វីដែលខ្ញុំស្ងប់ស្ញែងខ្លាំងបំផុតនោះគឺ ភាពរឹង​មាំ និងភាព​ធុន​នៃអគារ​ដែល​អាចទប់​ទល់​នឹង​ការរញ្ជួយដីបានយ៉ាង​ល្អ។

សរុបមក យើងអាចនិយាយ​បានថាប្រទេស​ជប៉ុនគឺជា​ប្រទេស​មួយ​ដែល​មាន​ការ​រីក​ចម្រើន​ខ្លាំង​ស្ទើរ​គ្រប់​វិស័យ​ទាំង​អស់​ ហើយ​កម្រិត​អប់រំ និង​​ការ​យល់​ដឹង​នៃ​​ប្រជាជន​​ជប៉ុនក៏មានកម្រិត​ខ្ពស់​អាចទទួល​យក​បាន​ផងដែរ។

ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២(ថ្ងៃទី២)
នៅពេលព្រឹក ពួកយើងបានចូលរួម​ស្តាប់នូវ​បទបង្ហាញ​មួយស្តីអំពីគ្រោះមហន្តរាយដែល​បាន​កើត​នាពេល​ថ្មី​នេះ​ក្នុង​ប្រទេស​ជប៉ុន។ តាមរយៈបទបង្ហាញដ៏​ល្អមួយ​នេះ ពួកយើងបានទទួលពត៌មាន និង​ចំនេះដឹងជាច្រើន ដែលក្នុងនោះពត៌មានដែលគួរអោយចាប់អារម្មណ៍បំផុត​នោះ​គឺ អំពីគ្រោះមហន្តរាយដ៏ធំធេង​ដែល​បង្កដោយរលកយក្ស​ Tsunamiដែលនាំឲ្យ​មាន​ការ​ខូតខាត​
ទ្រព្យសម្បត្តិ បាត់ជីវិត​មនុស្ស​ និង​ធ្លាយរោងចក្រនុយក្លេអ៊ែរ​នៅFukushimaទៀតផង។ អ្វីដែលគួរឲ្យពួក​យើង​ទាំង​អស់​គ្នា​ភ្ញាក់ផ្អើលនោះគឺថា ចំនួន​មនុស្ស​ស្លាប់ដោយសារការរញ្ជួយដីមានត្រឹមតែ ២០នាក់ប៉ុណ្ណោះ ឯចំនួននាក់ស្លាប់រាប់ម៉ឺននាក់ទៀត គឺបណ្តាលមកពី គ្រោះរលកយក្ស និង ការសាយ​ភាយជាតិវិទ្យុសកម្មទៅក្នុង​បរិយាកាស​ដែល​មាន​គ្រោះ​ថ្នាក់ធ្ងន់ធ្ងរដល់​មនុស្សជាតិ។

សកម្មភាពសិក្សាស្តីពីគ្រោះមហន្តរាយ
នៅពេលរសៀល ពួកយើងបានបន្តដំណើរទស្សនកិច្ចទៅសាលាស្រុកMito ដែលសាលាស្រុកនេះ និង​ក្នុងស្រុក​ទាំងមូល​សុទ្ធតែ​​រងការខូចខាតដោយសារ គ្រោះមហន្តរាយដែលបាន​កើត​មាន​នា​ឆ្នាំ២០១១ ហើយដោយសារតែអគារសាលាស្រុកត្រូវបាន​កសាង​មុន​ ការមាន​ច្បាប់​ស្តី​ពីការ​សាង​សង់​អគារឲ្យ​ធន់នឹង​រញ្ជួយ​ដីទៅ​ទៀត ទើបអគារសាលាស្រុក​នេះ​ពុំមាន​ប្រព័ន្ធការពារសុវត្ថិភាពសម្រាប់ទប់​ទល់​នឹងរញ្ជួយដី៑ ដែល​ជាហេតុ​ធ្វើឲ្យ​អាគារទាំងនោះត្រូវទទួលរងការខូចខាតនិងមិនអាចប្រើប្រាស់បានបន្តទៀត។

សរុបមក ចំពោះ​ដំណើរ​ទស្សនកិច្ចថ្ងៃនេះ ពួកយើងទទួលបាន​នូវ​ចំណេះដឹង​យ៉ាង​ច្រើនអំពី​មហាគ្រោះមហន្តរាយដែលកើតមាននាឆ្នាំ២០១១ និងភាព​ខូចខាត​ផ្សេងៗដែល​ ​ស្រុក​Mito​បាន​ប្រឈមមុខ​ក្រោយ​ពី​គ្រោះមហន្តរាយ​នោះ​បានចប់។

ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២(ថ្ងៃទី៣)

​​​​​​​​​នៅពេលព្រឹក ពួកយើង​បានទៅទស្សនាសួនKodokan ដែលជាសួនប្រវត្តិសាស្ត្រ និងអតីត
អាគារសិក្សា និងទីលានហាត់ក្បាច់គុន
ជាសាលារៀនរបស់ កូនមេទ័ពសាម៉ូរ៉ៃជប៉ុននាសម័យមុនៗ។ តាមរយៈដំណើរ​   ទស្សនានេះ ពួកយើងបានរៀនពីវប្បធម៌   ជប៉ុនមួយចំនួន ដែល​នៅសម័យនោះមានតែក្មេងប្រុសទេទើបអាចចូលរៀនបាន ហើយវ័យ​ដែល​​អាចចូលរៀនបានគឺចាប់ពីអាយុ១៥ឆ្នាំ
ហើយគេរៀនរហូតដល់ស្លាប់។ តាមរយៈសាលាបុរាណនេះបានបង្ហាញ​​​​ឲ្យ​​​យើង​ឃើញថាប្រទេស​​   ជប៉ុនមានការ​យក​ចិត្តទុកដាក់ខ្លាំង​ទៅ​លើ​វិស័យ​អប់រំ ហើយនេះក៏ជាកត្តាដែលជំរុញឲ្យប្រទេសជាតិមានការរីកចំរើនផងដែរ។
ការផ្លាស់ប្តូរបទពិសោធន៏តាមរយៈការធ្វើបទបង្ហាញ

នៅពេលរសៀល ពួកយើងបានទៅទស្សនាសួន​Kairakuen ដែលជា​សួន​សប្បនិមិត្ត​ដ៏ធំ​មួយនៅ​ក្នុង​ខេត្ត​Ibaraki។ នៅទីនោះ​ពួក​យើង​ត្រូវបាន​ទទួល​រាក់ទាក់ និង​ដឹក​នាំ​ដំណើរ​ទស្សនា​ដោយ​ក្រុម​អ្នក​ស្ម័គ្រចិត្តមួយក្រុម។ បន្ទាប់មក​យើង​បន្តដំណើរទៅ​ទស្សនា​សាលាខេត្តIbaraki ដែល​ជា​កន្លែង​សម្រាប់​ប្រជាជន​គ្រប់​រូបទៅ​ទទួល​សេវាសាធារណៈផ្សេងៗ។ បន្ទាប់មកទៀតពួកយើង​ធ្វើ​ដំណើរទៅសកលវិទ្យាល័យTokiwa។ នៅទីនោះ​ពួកយើងបានធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក​រវាង​និស្សិតកម្ពុជា និង​និស្សិតជប៉ុនតាមរយៈការធ្វើបទបង្ហាញអំពីជីវភាពរស់នៅ និងការរៀនសូត្ររបស់និស្សិតហើយ​យើង​ក៏បានអនុញ្ញាតិឲ្យ​ដើរ​ទស្សនាអគារ​ផ្សេងៗនៃ​សកលវិទ្យាល័យដូច​ជា​អគារ​បណ្ណាល័យជាដើម។​

សរុបមក​ ថ្ងៃនេះពួក​យើង​បាន​ដឹង​អំពីបែបបទនៃការ​រៀន​សូត្រ​ក្នុង​ប្រទេស​ជប៉ុន​នា​សម័យ​សាម៉ូរ៉ៃ ហើយនិង​កន្លែង​លំហែ​កាយ​ដ៏ធំ​នៅខេត្ត​Ibaraki។ យើង​បាន​ដឹង​ពី​រចនាសម្ព័ន្ធ​នៃ​សាលាខេត្ត​Ibaraki ហើយ​យើង​បាន​ស្គាល់​ពី​ជីវភាព​និសិ្សត និង​បទពិសោធន៍របស់​ពួក​គេ​នា​ពេល​មាន​ព្រឹត្តការណ៍​រញ្ជួយដី​នាឆ្នាំ២០១១ផង​ដែរ។
       
ថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ២០១២(ថ្ងៃទី៤)
          នៅពេលព្រឹក យើងធ្វើដំណើរទៅកាន់ឃុំOarai ដើម្បីចូលរួមស្តាប់អំពីការរងគ្រោះនិងការស្តារឡើងវិញរបស់ស្រុកនេះ។ តាមរយៈបទបង្ហាញរបស់គេបានឲ្យដឹងថានៅពេលរញ្ជួយដីនាថ្ងៃទី១១ ខែមិនា ឆ្នាំ២០១១ តំបន់​Oarai ទទួលកម្រិតរញ្ជួយ៥ស្តើង និងទទួលឥទ្ធិពលរលកយក្សខ្ពស់បំផុតមានរហូតដល់ទៅ ៤,២ម៉ែត្រ។ ជាសំណាងល្អ ពុំមានមនុស្សស្លាប់ដោយសារការរញ្ជួយដីនោះទេ។ នេះគឹដោយសារតែស្រុកនេះមានវិធានការទប់ស្កាត់បានល្អចំពោះគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី ដូចជាមានការសាងសង់ទំនប់ ប្រព័ន្ធផ្សព្វផ្សាយ ឧបករណ៍ផ្សាយសម្លេង រចនាសម្ព័ន្ធបង្ការគ្រោះមហន្តរាយដែលក្នុងនោះមានការបែងចែកដូចជា ក្រុមពត៌មាន ក្រុមពន្លត់អគ្គិភ័យ ក្រុមនាំផ្លូវ ក្រុមជួយសង្គ្រោះ និងក្រុមដាំស្ល ព្រមទាំងមានការចែកផែនទីគេចខ្លួននៅពេលមានរលកយក្សស៊ូណាមីទៀតផង។
លោកម្ចាស់ភោជនីយដ្ឋានចែករំលែកបទពិសោធន៏
បន្ទាប់មកយើងបាន​ទៅ​បរិភោគអាហារថ្ងៃត្រង់នៅ​ភោជនីយដ្ឋាន​មួយ​ក្បែរ​មាត់​សមុទ្រ។ នៅ​ទី​នោះ​ យើង​អាច​មាន​ឱកាស​បាន​ស្តាប់​នូវ​ពាក្យ​សម្តី​ពិត​របស់​ម្ចាស់​ភោជនីយដ្ឋាន​នោះ​នូវ​អ្វី​ដែល​គាត់​បាន​ឃើញនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១កន្លងទៅ។​
          
នៅពេលរសៀល ពួកយើងបានទៅទស្សនា Oarai Aquarium Park ដែល​ជាកន្លែង​ចិញ្ចឹម និង​ដាក់​តាំង​បង្ហាញនូវ​សត្វសមុទ្រជាច្រើនប្រភេទសម្រាប់ទស្សនា។ លើសពីនេះទៅទៀត និយាយ​ចំពោះ​ទិដ្ឋភាពពេល​មានគ្រោះមហន្តរាយ សួនសត្វសមុទ្រនេះ​ជា​ទី​ខ្ពស់​សុវត្ថិភាពសម្រាប់​ប្រជាជន​មក​ភៀសខ្លួន ហើយ​ក្រោយ​ពី​គ្រោះមហន្តរាយ​នោះ​បានបញ្ចប់ សួនសត្វសមុទ្រនោះមាន​ការ​ខូត​ខាត​តិច​តូច​ប៉ុណ្ណោះ​ ដែល​វា​មាន​លក្ខណៈងាយ​ស្រួល​ក្នុង​ការ​ស្តារ​ឡើង​វិញ។

          សរុបមក ថ្ងៃនេះ​យើង​បាន​យល់ដឹងអំពីការ​ឆ្លើយតប និងវិធានការទប់ស្កាត់គ្រោះមហន្តរាយដ៏ល្អ និង​មាន​ប្រសិទ្ធភាពរបស់ឃុំOarai។ ម៉្យាង​ទៀត​យើង​ក៏​បាន​យល់ពីសារៈសំខាន់​នៃសួនសត្វសមុទ្រចំពោះ​ប្រជា​ជន​នា​ពេល​មាន​គ្រោះមហន្តរាយ ព្រម​បាន​ស្តាប់​ផ្ទាល់​នូវ​បទពិសោធន៍នៃការ​ឆ្លង​កាត់ និង​ការ​ស្តារឡើង​វិញពី​គ្រោះ​រលក​យក្សរបស់​អាជីវករម្នាក់ក្នុង​ឃុំនោះ​ផងដែរ។

ថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០១២(ថ្ងៃទី៥)
          នៅពេលព្រឹក ពួកយើងបានធ្វើដំណើរទៅស្រុក​Kasama ដើម្បីបំពេញទស្សនៈកិច្ចសិក្សានៅតំបន់​ដុត​ភាជន៍ដ៏ល្បី​មួយនេះ។ ពួកយើងបានចូលស្តាប់បទបង្ហាញមួយស្តីពីទំហំនៃការខូចខាត និង ការស្តារឡើងវិញរបស់ស្រុកKasama។
សកម្មភាពទស្សនកិច្ចឡដុតភាជន៏ក្នុងស្រុក Kasama
តាមរយៈបទបង្ហាញមួយនោះ
បានឲ្យដឹងថា ស្រុកKasama គឺជាស្រុកមួយដែលល្បីល្បាញខាងផលិតភាជន៍ និងសម្បូរទៅដោយឡល៍ដុតភាជន៍ ហើយវាស្ថិតនៅជិតទីក្រុងTokyo ជាងគេប្រើប្រៀបធៀបទៅនឹងតំបន់ដុតភាជន៍ផ្សេងៗក្នុង​ប្រទេស​ជប៉ុន។ កាលពីរញ្ជួយដីក្នុងថ្ងៃទី១១​ ខែមីនា ឆ្នាំ២០១១ នោះ បានធ្វើឲ្យមានការខូចខាតដូចជាផ្ទះជាច្រើនត្រូវបានរលំ ដោយឡែកស្រុកនេះពុំមានទទួលការខូចខាតដោយសាររលកយក្សស៊ូណាមីនោះទេ។ បន្ទាប់មក យើងក៏បន្តដំណើរទៅសារមន្ទីរសិល្បៈគ្រឿងភាជន៍ខេត្ត Ibaraki។ ពួកយើងបានឃើញពីគ្រឿងភាជន៍គ្រប់ប្រភេទទាំងប្រភេទបុរាណ និងសម័យបច្ចុប្បន្ន​ ដែល​សុទ្ធសឹងតែ​ជាស្នាដៃ​ប្រណិត​ៗបំផុត។

ពេលរសៀល ពួកយើងបានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលចាស់ជរាGreenHouse  ដែលស្ថិតក្នុងស្រុកKasamaនេះដែរ។ វាជាកន្លែងសម្រាប់ទទួលមនុស្សចាស់ដែលពុំមានកូនចៅថែទាំ ឬកូនចៅពុំមានពេលគ្រប់គ្រាន់។ យើងឃើញថាទីនោះមានឧបករណ៍ទំនើប និងអនាម័យខ្ពស់សម្រាប់ការរស់នៅរបស់មនុស្សចាស់ទាំងនោះ។​ ហើយនៅទីនោះក៏មាន   យុវជន​ យុវនារីស្ម័គ្រចិត្តដើម្បីចូលរួមបម្រើមនុស្សចាស់ជរាផងដែរ ជាក់ស្តែង​ពួក​យើង​បាន​នាំគ្នា​បង្កើត​កម្មវិធី​រាំលេង​កំសាន្ត​តាម​ចង្វាក់​ខ្មែរ ដែល​ធ្វើឲ្យ​បណ្តា​មនុស្ស​ចាស់​ជរា​នៅទីនោះ​មាន​ភាព​សប្បាយរីករាយជា​ខ្លាំង។

សរុបមក ថ្ងៃនេះយើង​បាន​ស្វែង​យល់​ពីផលប៉ះពាល់នៃរញ្ជួយដីទៅលើឧស្សាហកម្មផលិតភាជន៍ រួម​ជាមួយ​នឹង​វិធានការការពាររបស់​អ្នក​ស្រុក​Kasama។ យើងក៏បានដឹងពី​បញ្ហាសុខមាលភាពរបស់មនុស្សចាស់ និងសារៈសំខាន់នៃការងារស្ម័គ្រចិត្តផងដែរ។
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២(ថ្ងៃទី៦)
នៅពេលព្រឹក ពួកយើងបានធ្វើដំណើរទៅកាន់ស្ថានីយ៍សំចត(Road Station) មួយកន្លែងក្នុងស្រុកItako។
ម្ចាស់ស្ថានីយ៏បង្ហាញពីការខូតខាតក្នុងតំបន់របស់គាត់
នៅពេលរញ្ជួយដីនាឆ្នាំ២០១១ នៅតំបន់បានកើតមានបាតុភូតដីប្រែក្លាយជាជ្រាយ ដែល​​​ បណ្តាលឲ្យអគារស្រុតចុះទៅក្នុងដី ខូចខាតដំណាំកសិកម្ម។ លើសពីនេះទៅទៀត ការលេចឮពាក្យចចាអារាមដែលថាដំណាំនៅទីនេះរងការប៉ះពាល់ដោយជាតិវិទ្យុសកម្មដែលលេចធ្លាយពីរោងចក្រអគ្គិសនីនុយក្លេអ៊ែរនៅ
Fukushima បានធ្វើឲ្យ​ការ​លក់​ផលិតផលកសិកម្មក្នុង​តំបន់នោះ​ត្រូវ​ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ តែការពិត ដំណាំដែលដាំដុះនៅទីនេះមានគុណភាពល្អធម្មតាដោយពុំមានជាតិវិទ្យុសកម្មទេ ហើយគេក៏មានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីអ្នកជំនាញផងដែរមុន​នឹង​ដាក់លក់។
នៅពេលរសៀល ពួកយើងទៅដល់សណ្ឋាគារItako ដើម្បីចូលរួមកម្មវិធីស្តីពីគ្រោះមហន្តរាយ និងការស្តារឡើងវិញនៃស្រុកItako។ ក្នុងនោះសំខាន់គឺនិយាយពីបាតុភូតដីប្រែក្លាយជាជ្រាយនៅពេលរញ្ជួយដី នេះដោយសារដីនៅតំបន់នោះជាអតីតបឹង ពុំមានភាពរឹងមាំ ដែលធ្វើអគារ សំណង់ផ្សេងៗទ្រេត និងស្រុតចុះក្នុងពេលជួបគ្រោះរញ្ជួយដីនោះ។ គេក៏បានលើកឡើងពីដំណោះស្រាយចំពោះបញ្ហាពីដោយប្រើបំពង់បង្ហូរទឹកចេញមកក្រៅ។
បន្ទាប់មកទៀត យើងបានផ្លាស់ប្តូរបទពិសោធន៍ជាមួយសិស្សវិទ្យាល័យ។ ដោយពួកយើងបានទទួលទានអាហារពេលល្ងាចជាមួយគ្នា និងមានការ​សំណះសំណាល់ជាមួយគ្នា។ សិស្សជនជាតិជប៉ុនបានសម្តែងសិល្បៈបុរាណរបស់ខ្លួនដោយគោះស្គរជប៉ុន ចំនែកនិស្សិតខ្មែរយើងក៏បានច្រៀង និងរាំរបាំប្រពៃណីជូនដល់ជនជាតិជប៉ុនវិញ។
សរុបមក ថ្ងៃនេះពួកយើង​បាន​យល់ដឹងច្បាស់អំពីការពិត​ ដែល​មានលក្ខណៈផ្ទុយពីពាក្យ​ចចាមអារាមមិន​ពិត ដែលបាន​ជះឥទ្ធិពលអាក្រក់​ដល់ផលិតផលកសិកម្មរបស់់ស្រុកItako។ បន្ថែមពីនេះទៀត​ យើង​ក៏បានយល់ពីមធ្យោបាយនៃការការពារដីជ្រាយ ហើយ​យើង​ក៏បាន​ធ្វើការផ្លាស់ប្តូរបទពិសោធន៍ និង​សិល្បៈជាមួយសិស្សវិទ្យាល័យជប៉ុនផងដែរ។

ថ្ងៃទី១៦ ខែ​ធ្នូ ឆ្នាំ២០១២(ថ្ងៃទី៧)
          កម្មវិធី​ពេល​ព្រឹក​ យើង​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់Hinode ដែល​ជា​តំបន់រង​គ្រោះដោយ​សារ​គ្រោះរញ្ជួយ​ដី ដែល​បង្កឲ្យ​បាន​បាតុ​ភូត​ទឹក​ផុស​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ផ្ទះ​សម្បែង
សកម្មភាពទស្សនកិច្ចនៅវត្តមួយនាតំបន់ Hinode
វត្តអារាម
​ ផ្លូវ​ថ្នល់មួយ​ចំនួន​ធំ។​​ ទិដ្ឋភាព​បែប​នេះ​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ភាព​លំបាក​វេទនា​ និង​ការ​ខាត​បង់​ដ៏​ធ្ងន់ធ្ងរ​របស់​ប្រជា​ជន​ជប៉ុន។ បន្ទាប់​ពីបាន​ធ្វើទស្សនកិច្ចក្នុងវត្តមួយ​នៃតំបន់Hinode​នេះរួចមក យើង​ក៏បាន​ធ្វើ​ដំណើរត្រឡប់​មក​កាន់​សណ្ឋាគារ​វិញ​ដើម្បី​រៀបចំបទបង្ហាញ ក៏ដូច​ជា​ត្រៀម​ខ្លួន​ធ្វើ​បទ​​​បង្ហាញមួយ​នា​ពេល​រសៀល។ ​ក្រោយ​ពី​បាន​ស្រស់​ស្រូប​អាហារ​ពេល​រសៀល​រួច​មក យើង​ក៏​បាន​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ខ្លីមួយ​អំពី​របៀប​ធ្វើ​ផ្កា​Ayame ដែល​ជា​ផ្កាដ៏​ល្បីក្នុង​ស្រុក​Itako។​​ យើង​បាន​ខិត​ខំ​ធ្វើ​ផ្កា​Ayameនោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ព្រោះ​ថា​ផ្កា​ដែល​យើង​បាន​ធ្វើ​រួច​ យើង​នឹង​ធ្វើ​ជាវិភាគទាន​សម្រាប់​ឲ្យ​អ្នក​ស្រុក​នោះ​លក់​យក​ប្រាក់​ ដែល​ជា​ផ្នែក​មួយ​នៃការ​ចូល​រួម​ជួយ​ស្តារ​សេដ្ឋកិច្ច​របស់​ប្រជា​ជន​ទាំង​នោះ។ បន្ទាប់​ពី​កម្មវិធី​ដ៏​មាន​តម្លៃ​មួយ​នេះ គឺ​ដល់​ពេល​ដែ​ល​យើង​ត្រូវ​ធ្វើ​បទបង្ហាញ​ស្តី​ពី​ចំណាប់​អារម្មណ៍ និង​ផែនការ​សកម្មភាព​របស់​ពួក​យើង​ក្នុង​ការ​ជួយ​ស្តារ​​ឡើងវិញពីគ្រោះ​មហន្តរាយ ដែល​មាន​ការ​ចូល​រួម​ពីប្រជា​ជន​ក្នុង​ស្រុក​Itakoនោះ​ប្រមាណ​ជាង​២០នាក់។ 
ការធ្វើបទបង្ហាញរបស់ខ្ញុំស្តីពីបទពិសោធន៏ទទួលបានពីដំណើរ
ទស្សនកិច្ចមួយរយៈកន្លងមក
ក្រោយ​ពី​បាន​ធ្វើ​បទ​បង្ហាញ​ចប់​ប្រកប​ដោយ​ភាព​ជោគជ័យ​ យើង​បាន​អញ្ជើញភ្ញៀវកិត្តិយស​ទាឡើង​រាំ​លេង​កំសាន្ត​តាម​ចង្វាក់​ខ្មែរ​ចំនួន២បទ រួច​មាន​ការ​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍ ហើយ​ក៏ធ្វើ​ការ​ប្រកាស​បិទ​កម្មវិធី។ បន្ទាប់​មកទៀតដល់​ពេល​យើង​ទទួល​ទាន​អាហារ​ពេល​ល្ងាច និង​ត្រឡប់​ទៅ​សំរាក​តាម​បន្ទប់រៀងៗខ្លួន។
សរុបមក ក្នុងថ្ងៃនេះយើង​បានទទួលនូវចំនេះ​ដឹង​ថ្មីៗ​ ជាពិសេស​របៀប​ធ្វើ​ផ្កា​Ayameដែល​មាន​ឈ្មោះ​ល្បី​ក្នុង​ស្រុកនោះ ហើយយើងបាន​ឃើញផ្ទាល់​នូវ​ទិដ្ឋភាពជាក់​ស្តែង​នៃ​ភាព​ខូច​ខាត​ដែល​បន្សល់​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ស្រុក​Itakoផងដែរ។


ថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ២០១២(ថ្ងៃទី៨)

       
ការពន្យល់បង្ហាញរបស់បុគ្គលិកអគ្គិភ័យ
 
ចាប់​ផ្តើម​ពី​ការ​ទស្សនកិច្ច​ស្ថានីយ៍អគ្គិភ័យនៅតំបន់Urayasu យើង​បាន​ទទួល​នូវ​ចំនេះ​​ដឹង​ជា​ច្រើន​ស្តី​ពី​កម្រិត​ និង​លក្ខណៈ​ខុសៗ​គ្នា​នៃ​ការ​រញ្ជួយ​ដី។​ យើង​​បាន​រៀន​ពី​របៀប​គេច​ខ្លួន​ពេល​មាន​អគ្គិភ័យ​កើតឡើង​ ហើយ​យើង​ក៏​មាន​ឱកាស​ចុះ​ទៅ​មើល​គ្រឹះ​នៃ​អគារ​មួយ​នោះ​ផង​ដែរ នោះជា​គ្រឹះ​នៃ​អគារ​ដែល​វិស្វករ​ជំនាញៗ​ធ្វើ​ឡើងដើម្បី​កាត់​បន្ថយ​កម្រិត​លំញ័រ​នៃ​រញ្ជួយ​។ វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រកប​ដោយ​     បច្ចេក​វិទ្យា​ និង​បច្ចេក​ទេស​ទំនើប​ ដែល​គេត្រូវ​ចំណាយ​ថវិកាយ៉ាង​ច្រើន​ដើម្បី​សាង​សង់។​
ចេញ​ពីស្ថានីយ៍អគ្គិភ័យនោះ យើង​បាន​សម្រាក​ទទួល​ទាន​អាហារ​ថ្ងៃត្រង់ រួច​បន្ត​ដំណើរ​  ទស្សនកិច្ចទៅ​វិទ្យា​ល័យ​ឯកទេស​ឧស្សាហកម្ម​ជាតិ​តូក្យូ(Tokyo National College of Technology)។
រូបថតជាមួយនាយកសាលា និងសិស្សានុសិស្ស
នៅទីនោះយើង
​បាន​ទទួល​នូវ​ការ​ស្វាគមន៍យ៉ាង​កក់ក្តៅរាក់​ទាក់​បំផុតពី​សំណាក់​លោក​បណ្ឌិត​នាយកសាលា​ លោកគ្រូអ្នកគ្រូ​ និង​សិស្សានុសិស្ស​ក្នុង​វិទ្យាស័យនោះ។ បន្ទាប់​ពី​បាន​ទទួល​ស្តាប់​នូវ​បទបង្ហាញ​ដ៏មាន​តម្លៃរបស់​លោក​នាយកសាលា​ យើងក៏​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្នុង​បរិវេណ​វិទ្យា​ល័យ​នោះ​ រួម​មាន​អគារសិក្សាផ្នែក​មេកានិច ផ្នែកអេឡិចត្រូនិច និង​បណ្ណាល័យ​ដ៏ធំ​ផងដែរ។ បន្ទាប់​មក​ទៀត យើង​បាន​ចូល​រួម​ក្នុង​កម្ម-វិធី​សំណះ​សំណាល់​គ្នា​ជា​មួយ​សិស្ស​នៃ​វិទ្យា​ស័យ​នោះ ដែល​ឆ្លៀត​ក្នុង​ឧកាស​នេះពួក​យើង​ទាំង​អស់​គ្នា​បាន​ធ្វើការ​ដក​ស្រង់​បទ​ពិសោធន៍​ពីគ្នា​ទៅ​វិញ​ទៅ​មក​ប្រ​កប​ដោយ​ទឹក​ចិត្ត​ស្មោះ​ត្រង់​ និងសប្បាយ​រីករាយ​ជា​ទី​បំផុត។ កម្មវិធី​បន្ទាប់​ជា​ពេល​បរិភោគ​អាហារ​ពេល​ល្ងាច ហើយ​ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ក៏​បាន​បញ្ចប់​ដោយ​ជោគជ័យ។

សរុបមក ក្នុងថ្ងៃនេះយើងបានទទួល​នូវ​ចំនេះ​ដឹង​ដ៏ល្អៗស្តីពី​របៀប​គេច​ខ្លួន​ពេល​មាន​អគ្គិភ័យ ដឹង​ពី​ទំហំ និងសភាពខុសៗគ្នា​នៃការ​រញ្ជួយ​ផែនដី ហើយយើងក៏បានទទួល​នូវបទ​ពិសោធន៍​អំពីការ​សិក្សា​នៅ​​វិទ្យា​ល័យ​ឯកទេស​ឧស្សាហកម្ម​ជាតិ​តូក្យូផងដែរ។

ថ្ងៃទី១៨ ខែ​ធ្នូ ឆ្នាំ២០១២(ថ្ងៃទី៩)

          នាពេលព្រឹកយើង​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​សារៈមន្ទីរ​វិទ្យាសាស្រ្តមួយ​ក្នុង​ក្រុង​Tokyo។
លោកសាស្រ្តាចារ្យកំពុងបង្ហាញពីរបៀបកាត់បន្ថយរញ្ជួយ
សារៈមន្ទីរ
​វិទ្យាសាស្រ្តនេះ​ជា​កន្លែង​ពោរពេញទៅ​ដោយ​ចំនេះដឹង​យ៉ាង​ទូលំទូលាយ ជា​ពិសេស​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សារៈមន្ទីរ​វិទ្យាសាស្រ្តមួយនេះ យើង​បាន​រៀន​ពី​វិធីការពារ​គ្រោះ​ធម្មជាតិមួយ​ចំនួន​ដូចជាការ​ការពារគ្រោះទឹកជំនន់ និងការ​កាត់បន្ថយ​កម្រិត​នៃ​​ការ​រញ្ជួយ​ផែនដី​របស់​អគារជាដើម។ តាមរយៈ​ការ​ធ្វើបទបង្ហាញភ្ជាប់​ជា​
មួយនឹង​​​ការធ្វើ​ពិសោធន៍​របស់លោក​សាស្រ្តចារ្យម្នាក់នៅទីនោះហើយ ​គាត់​ក៏បានអនុញ្ញាតិឲ្យពួកយើងបាន​អនុវត្ត​ពិសោធន៍​នោះ​ជាក់ស្តែងទៀតផងនោះ ដែលវាបាន​ធ្វើ​ឲ្យ​យើង​អាច​ចាប់យក  ​​ចំណេះ​ដឹងទាំងអស់​នោះ​បាន​ប្រកប​ដោយ​ភាព​ងាយ​ស្រួល​។ នា​ពេលរសៀល​ជា​ពេល​ដែល​យើង​ត្រូវ​ធ្វើ​បទ​បង្ហាញ​របាយការណ៍ស្តី​ពីចំណាប់​អារម្មណ៍ និង​អ្វី​ដែល​យើង​បាន​រៀន​នា​ពេល​កន្លង​មក​ទៅ​អោយ​បណ្តា​អ្នក​ស្តាប់ជាច្រើន ដែល​ក្នុង​នោះ​រួម​មាន​លោក​តំណាង​ស្ថាន​ទូត​ខ្មែរនៅប្រទេសជប៉ុន លោក​តំណាង​ក្រសួង​ការបរទេសជប៉ុន និង បុគ្គលិក​ជាន់​ខ្ពស់​នៃ​អង្គការ​JICEផងដែរ។ លទ្ធផលនៃ​ការ​ធ្វើ​បទបង្ហាញនោះគឺសម្រេច​បានល្អ និងជោគជ័យដែល​ជា​បទ​ពិសោធន៍​ដ៏​ល្អ​សម្រាប់​យើង​ទាំង​អស់គ្នា។

សរុបមក ក្នុងថ្ងៃនេះយើងបានរៀន និងដឹងពីវិធីបង្ការ​គ្រោះទឹកជំនន់ ការ​កាត់បន្ថយ​កម្រិត​នៃ​​ការ​រញ្ជួយ​ផែនដីចំពោះ​អគារ ព្រមទាំងបានទទួល​​បទពិសោធន៍ថ្មី​អំពីរបៀប​ធ្វើ​បទ​បង្ហាញ និង​ទទួល​បាន​នូវ​អនុសាសន៍ដ៏ល្អៗពី​សំណាក់​អ្នក​ចួល​រួម​ស្តាប់ទៀតផង។

ថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ២០១២(ថ្ងៃទី១០)
ថ្ងៃនេះជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់ពួកយើង ជាពេល​ដែលយើង​ត្រូវត្រលប់មក​មាតុប្រទេសវិញ។ ពួក​យើង​មិន​ចង់ចាក​ចេញពី​ប្រទេស​ជប៉ុន​ទេ ប៉ុន្តែ​យើង​ក៏​មិន​អាច​បោះ​បង់​ការ​សិក្សា​របស់​យើង​បាន​ដែរ។ ជាទី​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ដ៏​វិសេស​នេះ​គឺ​ពួក​យើង​ទាំង​អស់​គ្នា​បាន​មក​ដល់​ប្រទេស​កម្ពុជា​ដោយ​សុវត្ថិភាព​ក្នុង​ថ្ងៃដដែល​នា​វេលា​ម៉ោង​ប្រមាណ១៩.០០ ម៉ោងនៅកម្ពុជា។
សន្និដ្ឋាន

          ឆ្លងកាត់​តាម​ដំណើរ​ទស្សនកិច្ច​សិក្សា​រយៈពេល​១០ថ្ងៃក្នុង​ប្រទេស​ជប៉ុន​រួច​មក ពួក​យើង​បាន​ទទួល​នូវ​ចំណេះដឹង​ និង​បទពិសោធន៍ជាច្រើន​ដែល​សុទ្ធសឹង​តែ​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​យើង​ និង​សង្គម​ជាតិ​ទាំង​មូល​ផង​ដែរ​។ យើង​នឹង​យក​បទពិសោធន៍​ និង​ចំណេះ​ដឹង​ទាំង​នោះ​មក​អនុវត្ត​ក្នុង​ជីវភាព​រស់​នៅ​របស់​យើង​ប្រចាំ​ដើម្បី​ជា​ស្ពាន​សម្រាប់​ធ្វើ​ការ​អភិវឌ្ឈខ្លួន​ និង​សង្គម​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើន​ និង​ជឿនលឿនដូច​ប្រទេស​ជប៉ុន​ដែរ។ ជាទី​បញ្ចប់​យើង​ខ្ញុំ​សូម​សម្តែង​ការ​ថ្លែង​អំណរគុណ​ដល់​បណ្តា​អង្គភាពទាំង​អស់​ដែល​បានជួយសម្រួល​គ្រប់​បែប​យ៉ាង​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​នេះ ជា​ពិសេសយើង​ខ្ញុំសូម​អរគុណ​ដល់​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​​​យើង​ខ្ញុំ​បាន​ចូល​រួម​ក្នុង​កម្មវិធី​ទស្សនកិច្ច​ដ៏វិសេសវិសាល​មួយ​នេះ។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                                             ​​​​​​​​