ស្រមៃទៅមើល ផ្ទះមួយមានបន្ទប់៣ សួនខាងមុខមានផ្កាចំរុះពណ៌ វាលស្មៅបៃតង នៅពីក្រោយ មានអាងទឹកថ្លាឆ្វង់ ពិតជាគួរឲ្យចង់រស់នៅខ្លាំងណាស់!!!....
តែថ្ងៃនេះ មិនមែនជាការស្រមើស្រមៃ តែវាបានក្លាយជាការពិតសំរាប់គ្រួសាររបស់ខ្ញុំហើយ យេ៎ !!!! . ប្អូនប្រុសនិងខ្ញុំសុទ្ធតែសប្បាយចិត្ត ប៉ុន្តែសប្បាយមិនដល់ម៉ាក់ជាទីស្រលាញ់របស់ពួកយើងទេ....... ព្រោះតែអាប្អូនកំពូលរពិសទាំងពីររបស់ខ្ញុំ ម៉ាក់ត្រូវស្តាប់ពាក្យរអ៊ូរទាំពីអ្នកមីងម្ចាស់ផ្ទះមុន រាល់ថ្ងៃ តែចាប់ពីថ្ងៃនេះទៅធូរត្រចៀកហើយ។
ក្រោយពីជញ្ជូនកេសឥវ៉ាន់ចូលអស់ហើយ តួនាទីដែលត្រូវធ្វើបន្តគឺ លុបស្នាមប្រលាក់តាមជញ្ជាំង។ នៅតាមជញ្ជាំងកន្លែងខ្លះមានសុទ្ធតែស្នាមអក្សរខ្មៅ ស្នាមរូបភាពក្រវែមក្រវ៉ាម..... “ អើយ! ជ្រះឲ្យអស់ទៅ!!!!!!!!!........”
ខ្ញុំជូតបណ្តើររអ៊ូរបណ្តើរ....
ពេលខ្ញុំភ្ញាក់ពីគេងព្រឹកឡើង ស្រាប់តែមានរឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយ ខ្ញុំញីភ្នែកជាច្រើនដង តើភ្នែកខ្ញុំជារោងចក្រផលិតអាចម៍ភ្នែកមែនទេ? រឺក៏ខ្ញុំមមើរ? រឺក៏កំពុងស្ថិតក្នុងការយល់សប្តិ ?
“ហេតុអីបានជានៅតែមានស្នាមសរសេរនៅជញ្ជាំងដដែលអញ្ចឹង? អេ៎! ប្លែកមែន កុំបា្រប់ណាថា ផ្ទះនេះមានខ្មោច!!!
មិនមែនទេ សម័យនេះទៅហើយមានខ្មោចពីណា រឺក៏ជាផែនទីវេទមន្តដូចនៅក្នុងសៀវភៅរឿង និទាន ពេលត្រូវពន្លឺព្រះច័ន្ទហើយវានឹងលេចតួអក្សរឡើង???!!!! ”
ខ្ញុំទៅបន្ទប់ទឹក យកធុងនិងក្រណាត់ ដើម្បីមកជូតសំអាតម្តងទៀត ។ កំពុងតែសំអាត ខួរក្បាល កំពូលឆ្លាតរបស់ខ្ញុំបានបញ្ចេញពន្លឺអំពូលភ្លើងលឿង.....
“ហៅម៉ាក់មកជួយធ្វើសាក្សីសិន! ... ម៉ាក់!! មកជួយមើលខ្ញុំបន្តិច!!” “ម៉ាក់កន្លែងនេះខ្ញុំសំអាតបានស្អាតល្អហើយ!”
“អឹម..!! ស្អាតអស់ហើយតើកូន”
នៅព្រឹកថ្ងៃបន្ទាប់ ចង់ស្រែកឲ្យបែកផ្ទះទេ!! ហេតុអីបានជាស្នាមនោះនៅតែមាននៅលើ ជញ្ជាំងដូចមុនទៀតហើយ????......ឆ្កួតមិនខានទេខ្ញុំ!!!!
ពេលយប់ខ្ញុំក៏សំរេចចិត្តទៅតាមដាន ខ្ញុំចាំមើលដោយមិនប្រិចភ្នែក ស្រាប់តែមាន ស្រមោល ស្ទង់ៗ ២លេចឡើងហាក់ដូចជារាងក្មេងប្រុស..........................................................
“បងហា៎!!! ប៉ានៅឋានសួគ៌ ពិតជាអាចមើលឃើញពួកយើងមែនទេ? តើប៉ាអាចរកឃើញ ផ្ទះថ្មីរបស់យើងដែរទេ??”
“យើងគូរផែនទីឲ្យប៉ាទៀតទៅ ប៉ាច្បាស់ជានឹងរកឃើញផ្ទះថ្មីរបស់យើងហើយ!!”
“អញ្ចឹងមិនយូរទេប៉ាច្បាស់ជានឹងរកពួកយើងឃើញហើយ,មែនទេបងប្រុស?”
ពួកគេទាំងពីរនាក់ប្រឹងប្រែងគូរ ដោយស្នាមញញឹម សង្ឃឹមថាប៉ាមើលឃើញហើយនឹង រកផ្ទះថ្មីនេះឃើញ។ ចំណែកខ្ញុំបានត្រឹមតែខ្ទប់មាត់យំស្ងាត់ៗ ដើម្បីកុំឲ្យប្អូនប្រុសទាំងពីរលឺ សំលេងខ្ញុំ ខ្ញុំដើរលបៗចូលបន្ទប់វិញ សំលឹងមើលរូបថតគ្រួសារដែលយើងថតរួមគ្នាកាលលោកប៉ា នៅរស់ ស្នាមញញឹមដ៏ស្រទន់ ប្រកបដោយភាពកក់ក្តៅ មុខមាត់ដែលមើលទៅមានឈាម ពោរពេញដោយសុខភាព ពិតជាខុសគ្នាស្រលះពីរូបភាពចុងក្រោយរបស់ប៉ា នៅលើគ្រែដែលមាន ពូកពណ៌ស រាងកាយស្គមស្គាំង និងទឹកមុខស្លេកស្លាំង ប៉ាមិនបាននិយាយអ្វីសោះ ជាមួយពួកយើង អស់រយៈពេលយ៉ាងយូរបន្ទាប់ពីជំងឺរបស់ប៉ាកាន់តែធ្ងន់ធ្ងរទៅៗ រឿងរ៉ាវហាក់ដូចជានៅថ្មីៗ ខ្ញុំអោប រូបថតជាប់ទ្រូង ទឹកភ្នែកនៅតែហូរមិនដាច់។ ស្រាប់តែមានពន្លឺទេពសុយត ដែលភ្លឺតាមបង្អួច ខ្ញុំក្រោកទៅឈរក្បែរបង្អួច សំលឹងមើលទៅលើមេឃ ហាក់ដូចជាមានអារម្មណ៍ថា លោកប៉ាកំពុង សំលឹងមករកខ្ញុំ ក្នុងខណៈដែលខ្ញុំមើលឃើញត្រឹមតែហ្វូងផ្កាយ ខ្ញុំនិយាយទៅកាន់គាត់...
“លោកប៉ា!!! ប៉ាសុខសប្បាយទេ? ប៉ាបានជាសះស្បើយហើយមែនទេ?
នៅខាងលើប៉ានឹកអ្នកម៉ាក់ និងកូនៗដែរទេ? ពួកយើង ពិតជានឹកលោកប៉ាខ្លាំងណាស់
គ្មានលោកប៉ា ម៉ាក់ពិតជាលំបាកណាស់ក្នុងការមើលថែទាំពួកកូន តែប៉ាកុំបារម្ភ គ្រួសារ
យើងរស់នៅសុខសប្បាយជាទេ ការរស់នៅប្រសើរជាងមុន ហឺ..ហឺ.. ប៉ាដឹងទេ អាល្អឹត ភ្លោះរបស់ប៉ា ព្រោះតែខ្លាចប៉ារកពួកយើងមិនឃើញ គេខំគូរផែនទីលើជញ្ជាំងឲ្យប៉ា ពួកគេពិតជា គួរឲ្យស្រលាញ់ណាស់មែនទេ, លោកប៉ា??”
ចាប់តាំងពីថ្ងៃនោះមក ស្នាមនៅលើជញ្ជាំងក៏ដិតនៅជាប់នឹងផ្ទះថ្មីរបស់ពួកយើងជារៀងរហូត។
Written by SIV Vatana
Edited by: UK Sovannara
No comments:
Post a Comment