បុរសម្នាក់ ជាមេគ្រួសារដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ ចាស់ទៅៗ។
អាជីពជាបុគ្គលិកក្រុមហ៊ុនធ្វើឲ្យគាត់មានអារម្មណ៍ តានតឹង គាត់ត្រូវព្យាយាមរក្សាតំណែងតួនាទី ការងារឲ្យផុតភ័យ តែគាត់មិនអាចសម្តែងអារម្មណ៍នេះឲ្យនរណាម្នាក់ដឹងទេ បានត្រឹមតែជក់បារី ដើម្បីបន្ធូរអារម្មណ៍។ ជីវិតហាក់ដូចជា គ្មានសេចក្តីសង្ឃឹម ការបង្ខំ ពាក្យរិះគន់ពីសំណាក់ថៅកែ បន្ទុកទំនួលខុសត្រូវលើគ្រួសារ និងការងារ ជារឿងដែលគាត់ត្រូវប្រទះជារឿងរាល់ថ្ងៃ ពិតជាមាន អារម្មណ៍ថាមានសំពាធ។ ភរិយារបស់គាត់ក៏មិនមានសំណាងល្អ ដូចគាត់ដែរ។
រាល់ថ្ងៃនាងត្រូវប្រើលុយឲ្យបានអតិបរមា ចាយរិះថាំបំផុត ពេលខ្លះការរៀបចំម្ហូបសំរាប់គ្រួសារ ក៏មិនបានឆ្ងាញ់ពិសារប៉ុន្មានទេ។ គាត់ត្រូវគិតបញ្ជីចំនាយចំនូល ចំនុចនេះ ធ្វើអោយប្តីរបស់របរ ឡើងថ្លៃត្រូវបន្ថយចំនាយនេះ ចំនាយនោះ។ ចំនុចនេះ ធ្វើឲ្យ ប្តីរបស់គាត់សែនធុញ ពេលខ្លះវា ស្ទើរតែនឹងផ្ទុះពាក្យដែលក្នុងចិត្ត “ បើជីវិតប្តីប្រពន្ធរស់នៅក្លាយជាបែបនេះ ខ្ញុំនឹងមិនរៀបការ ជាមួយនាងទេ!! ” ប៉ុន្តែរាល់ពេលដែលគាត់ទ្រាំមិនបាន គាត់តែងសញ្ចឹងគិតឡើងវិញជាច្រើនដង ហើយបៀមពាក្យទាំងនោះទុកវិញ យ៉ាងហោចណាស់ពួកគាត់ក៏ធ្លាប់មានពេលវេលាមានសេចក្តី សុខ និងសប្បាយរីករាយ កម្សត់កម្រជាមួយគ្នាដែរ...... ពេលវេលាកន្លង ជីវិតគ្រួសារក៏ផ្លាស់ប្តូរ ដែរ ទោះជាមានទ្រព្យសម្បត្តិជាងមុន តែមានអារម្មណ៍ថា សូម្បីតែការញុំាអាហារលើតុជុំគ្នាដ៏រីករាយ ក៏សឹងតែបាត់បងដែរ។
ថ្ងៃមួយ ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ គាត់តាំងចិត្តជូនអំណោយពិសេសដល់ភរិយារបស់គាត់
“ អូន! ថ្ងៃនេះទៅកន្លែងមួយជាមួយបងណា....”
ភរិយាគាត់ទៅតាមប្តីដោយអារម្មណ៍រីករាយ នឹកថាប្តីគាត់នឹងនាំគាត់ទៅហាងទំនិញធំៗ រឺទៅ ភោជនីយដ្ឋានថ្លៃៗហើយ តែពេលគាត់ទៅដល់ ទីនោះបែរជាទីប្រជុំជនមួយ ដែលជីវិតស្វាមីភរិយា គាត់បានចាប់ផ្តើម។
ទីនោះមានហាងអាហារតូចៗ និងហាងលក់របស់របរជិតៗគ្នា មើលទៅសុទ្ធតែ ជាបន្ទប់តូចៗ។ ប្តីរបស់គាត់បានកាន់ដៃប្រពន្ធរបស់គាត់ទៅមើលផ្ទះតូចចង្អៀតដូចរន្ធកណ្តុរ ដែលធ្លាប់រស់នៅ ហើយលួចមើលទៅក្នុងផ្ទះតាមបង្អួច អ្វីដែលអ្នកទាំងពីរឃើញគឺ តុរ អាហារចាស់ កូនតូចគួរឲ្យស្រលាញ់កំពុងយំហេវបាយ ម្តាយរបស់ក្មេងតូចកំពុងញាប់ដៃញាប់ជើងរៀបចំអាហារ ដាក់លើតុ ជាមួយទឹកមុខរីករាយ ដោយនិយាយទៅកាន់កូនតូចដែលនៅក្នុងរង្វង់ដៃឪពុក
“ កូនម៉ាក់ កុំយំអីណា! ម៉ាក់រួចរាល់ហើយ...” ថ្វីត្បិតតែ ការរស់នៅពិបាក ប៉ុន្តែពួកគេនៅតែមានទឹក មុខញញឹមដែលពោរពេញដោយសេចក្តីសុខ នៅក្នុងផ្ទះដ៏តូចនេះ។
រូបភាពនេះធ្វើឲ្យប្តីប្រពន្ធខាងក្រៅនឹកដល់ការរស់នៅកាលពី ១០ឆ្នាំមុន។ ភរិយារបស់គាត់ជូតទឹកភ្នែក ហើយនិយាយទៅកាន់ប្តីរបស់នាង
“ បងសម្លាញ់! យើងធ្វើឲ្យអារម្មណ៍ពីមុនៗបាត់ទៅហើយមែនទេ? ”
“ ត្រូវហើយ, អារម្មណ៍ពីមុន ” អារម្មណ៍ពីមុនៗ គឺជាអំណោយដ៏មានតម្លៃដែលរកអ្វីប្រៀបពុំបាននៅ លើលោកនេះ។
Written by SIV Vatana
Edited by UK Sovannara
My story ^_^
ReplyDelete