July 14, 2012

“បំណងប្រាថ្នាប្អូនស្រី”


          ពិតជាមិនមានចេតនាលួចមើលសៀវភៅកំណត់ហេតុរបស់ប្អូនស្រីខ្ញុំទេ វាជាការចេដន្យប៉ុណ្ណោះ។ សៀវភៅពុម្ភប៉ុន្មានក្បាល ជាមួយសំភារៈសិក្សាផ្សេងទៀត នៅលើតុ មានតែរបស់មួយគត់បាន ទាញការចាប់អារម្មណ៍របស់ខ្ញុំ គឺ សៀវភៅរូបតុក្កតាដ៏ស្អាតមួយ ពិតជាហាមចិត្ត មិនទាញសៀវភៅ នោះមកមើលមិនបានទេ....

“ក្តីសង្ឃឹមនៅថ្ងៃដំបូងនៃឆ្នាំ ២០១២” ពិតជាគួរឲ្យ ចង់ដឹងណាស់ តើក្តីសង្ឃឹមរបស់នាងគឺអ្វីទៅ??...

“ថ្ងៃនេះជាថ្ងៃចូលឆ្នាំសកល ដែលមនុស្សទូទាំងពិភពលោកជួបជុំគ្រួសារយ៉ាងសប្បាយរីករាយ ដើម្បីឆ្លងឆ្នាំថ្មីជាមួយគ្នា។ គ្រួសារគេ ខ្លះនាំគ្នាទៅដើរកំសាន្តនៅរមណីយដ្ឋានផ្សេងៗ ចំណែកឯ គ្រួសារខ្ញុំដូចជា ខុសពីគ្រួសារអ្នកដទៃឆ្ងាយហួសរាប់ពាន់ម៉ែត ផុតពីកន្ទុយភ្នែក តែកុំនិយាយ ល្អជាង....។

តើខ្ញុំខ្លួនឯងអាចទទួលជោគ ជ័យដែររឺទេ?? ក្នុងឆ្នាំនេះ ខ្ញុំមានបំណងចង់ក្លាយជា មេផ្ទះ មិនមែនទេ! ចង់ក្លាយជា កូនស្រីគ្រប់ លក្ខ័ណ ចេះធ្វើការងារផ្ទះ ចេះធ្វើម្ហូប និងចេះរៀបចំពេលវេលា, នេះជាបំណងប្រាថ្នាទី១របស់ខ្ញុំ។

 បំណងប្រាថ្នាទី២, ចង់ឲ្យគ្រួសារខ្ញុំរស់នៅជួបជុំគ្នាជា រៀងរហូត សង្ឃឹមថាស្រីម្នាក់ដែលចង់អូស ទាញប៉ាចេញពីពួកយើង នឹងកែខ្លួនធ្វើជាមនុស្សល្អ សូមឲ្យបំណងអាក្រក់របស់នាង សាបរលាប នេះជាគោលបំណងដ៏ធំបំផុតសំរាប់គ្រួសាររបស់ខ្ញុំ។

បំណងប្រាថ្នាទី៣ គឺសង្ឃឹមថាខ្ញុំឈប់ខ្ចះខ្ចាយពេលវេលាចោលឥតប្រយោជន៍ ចាប់កាន់សៀវភៅ ឡើងវិញ ខ្ញុំស្ទើរតែក្លាយជាមនុស្សជិតងងិតភ្នែកទៅហើយ ដោយសារភាពអំនួត មើលងាយលើ មុខវិជ្ជា គណិត រូប គីមី...ទើបទទួលផលកម្មរៀនបានលេខច្រើន ពិតជាក្មាស់គេណាស់។

សូមឲ្យខ្ញុំមានប្រាជ្ញាវៀងវៃផង!!!....

បំណងទី៤ ខ្ញុំចង់ក្លាយជាមនុស្សស្រីម្នាក់ដែលសុភាពជាងគេនៅក្នុងផ្ទះ ជាមនុស្សដែលចេះអត់ធ្មត់ គ្រប់ពេលដែលមានកំហឹង ខ្ញុំមិនចង់ឈ្លោះប្រកែកជាមួយប្អូនប្រុស៧ឆ្នាំកំពូលខូចរាល់ថ្ងៃបែបនេះ ទេ អាណិតម៉ាក់ មិនចង់ឲ្យគាត់ពិបាកដោយសារខ្ញុំទេ ត្រឹមតែរឿងរបស់ប៉ា គាត់ឈឺចាប់ គ្រប់គ្រាន់ ហើយ.....។ ខ្ញុំមានបំណងប្រាថ្នាតែ ៤ប៉ុណ្ណោះ សង្ឃឹមថាបានសំរេច។

ក្រោយពីឆ្លងកាត់រឿងរ៉ាវជាច្រើន ទើបខ្ញុំដឹងថា ខ្ញុំពិតជាមិនបានការមែន។ ខ្ញុំប្តេជ្ញាថា ខ្ញុំត្រូវតែជំនះ ឲ្យបាន, រតនាឯងត្រូវតែតស៊ូ!!!. ស៊ូៗ!!” ហេតុអីបានជាមានអារម្មណ៍ថា ដូចជាមិនមែនជាមនុស្ស ដែលខ្ញុំធ្លាប់ស្គាល់អីចឹង?? ប្អូនស្រីរបស់ខ្ញុំក្រែងជាក្មេងមិនដឹងអី តែងតែខ្ជិលច្រអូស ទំរន់នឹងការងារ ហើយ IQ មិនសូវល្អទេ តែឥលូវប្លែកខ្លាំងយ៉ាងនេះ!! អញ្ចឹងតើបានសង្កេតឃើញ នាងប្រឹងប្រែង សិក្សាជាងមុន ហើយខ្ញុំក៏ភ្ញាក់ផ្អើលមិនតិចដែរ នៅពេលលទ្ធផលនៃការប្រលងរបស់នាងល្អហួស ពីការស្មាន។ ពីដំបូងពិតជាអស់សង្ឃឹមនឹងដាស់តឿននាង ប៉ុន្តែឃើញនាងភ្ញាក់រលឹកដោយខ្ឡួនឯង បែបនេះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់.... នាងតូចនេះ ពិតជាគួរឲ្យស្រលាញ់ ជាងមុនហើយតើ!!! ថ្វីត្បិតតែស្ថានភាពគ្រួសារច្របូកច្របល់ ម្នាក់ៗសុទ្ធតែឈឺចាប់ព្រោះតែប៉ា តែមិនមែនមានន័យថា ពួកយើងបាត់បង់សេចក្តីសុខទាំងស្រុងនោះទេ ពួក យើងនៅ មានម៉ាក់ បងប្អូនទាំង៤នាក់ ដែលកំពុងតែរឹងមាំ ញញឹម ជានិច្ច មិនចុះចាញ់នឹងរឿងរ៉ាវអពមង្គលនោះទេ។

           គួរនិយាយថាម៉េចទៅ ប៉ានៅមានវត្តមាននៅក្នុងផ្ទះយើងនៅឡើយ តែសំរាប់ប៉ា ពួកយើងគឺកំពុង ឃ្លាតឆ្ងាយពីក្នុងចិត្តរបស់គាត់ទៅហើយ មិនយូរមិនឆាប់ទេ ប៉ានឹងចាកចេញពីពួកយើងមិនខាន។ ទោះជាយ៉ាងណាពេលវេលានោះមិនទាន់មក ដល់នៅឡើយ អ្វីដែលគួរធ្វើនៅពេលនោះគឺ លេបទុករឿងរ៉ាវមិនសប្បាយចិត្ត រក្សាស្ថានភាពរីករាយ សំរាប់ពេល វេលាដែលនៅសល់ ទោះជា យ៉ាងណា ប៉ានៅតែជាប៉ារបស់ \ពួក យើង គឺជាការពិត មិនអាច ផ្លាស់ប្តូរ មិនអាចខឹងគាត់ ក៏រឹតតែមិន អាចស្អប់គាត់ទោះបីជា គាត់បានធ្វើឲ្យម៉ាក់ជាទីស្រលាញ់ បំផុតតែម្នាក់របស់ពួកយើងឈឺចាប់។ ទោះជាប៉ាធ្វើខុសប៉ុណ្ណា ម៉ាក់នៅតែជួយនិយាយឲ្យប៉ាទៀត “ត្រូវតែគោរពប៉ា ហាមខឹង គុំគួន ប្រមាថប៉ាណាកូន កុំសាងបាបនឹងអ្នកមានគុណ យ៉ាងណាគាត់ ក៏ធ្លាប់លះបង់កិត្តិយស ធ្លាប់ហត់នឿយសព្វបែបយ៉ាងជិតពាក់កណ្តាលជីវិត ទៅហើយដើម្បីចិញ្ចឹម បីបាច់កូនៗ កុំយកទោសប៉ាណាកូន....បណ្តោយតាមព្រហ្មលិខិតទៅចុះ” ទោះជាខឹងប៉ាខ្លាំងប៉ុណ្ណា តែដើម្បីម៉ាក់ត្រូវតែគោរពតាមពាក្យ ទូន្មានរបស់ម៉ាក់ សុខចិត្តពួនយំស្ងាត់ៗតែម្នាក់ឯង មិនចង់ ឲ្យម៉ាក់កាន់តែពិបាក ចិត្ត។

តើខ្ញុំនិយាយដល់ណាហើយ??.... ហូរទឹកភ្នែកទៀតហើយ!! មិនបានទេ!! បើឲ្យម៉ាក់ឃើញខ្ញុំយំ អញ្ចឹងមិនល្អទេ!!.....

“បងស្រី!! នៅក្នុងបន្ទប់ខ្ញុំមែនទេ??”

 ខ្ញុំបិទសៀវភៅដាក់កន្លែងដើម ហើយប្រញាប់ជូតទឹកភ្នែករៀបចំឥរិយាបថ អោយប្រក្រតីឡើងវិញ ក្លាយប្អូនស្រីចាប់ថ្នាក់បាន....

“ស្លាប់ហើយ! នៅទីនេះសោះ!!!” “ឯងរកបងមានការអី??”

“ចងរកបងជួយពន្យល់មេរៀនខ្ញុំនឹងណា!!” “មក! មិនយល់ត្រង់ណា សួរមកចុះ!! តែបងមិនដឹងថាពន្យល់បានល្អរឺក៏អត់ទេណា?!”

“បានអ្នកគ្រូស្អាតបង្រៀនហើយ ទោះលំបាកលយល់ក៏ត្រូវតែយល់ដែរ....ហេ ហេ!!”

ខ្ញុំដើរចេញពីបន្ទប់វិញបន្ទាប់ពីពន្យល់នាងរួចរាល់ រៀបនឹងបិទទ្វារ ខ្ញុំសំលឹង មើលប្អូនស្រីខ្ញុំជា ចុងក្រោយ....

“ជូនពរឲ្យបំណងប្រាថ្នាបានក្លាយជាការពិតណា,នាងតូច!” ខ្ញុំនិយាយតិចៗតែម្នាក់ឯង ហើយក៏ចាកចេញ....។

Written by SIV Vatana
Edited by UK Sovannara

No comments:

Post a Comment