July 14, 2012

“រថយន្តផ្ទាល់ខ្លួន”

និយាយពីស្ត្រីវ័យ ២៥ឆ្នាំ និងស្វាមីរបស់គាត់ ជាគូស្វាមីភរិយាក្រីក្រមួយគូ... 
“ បងសម្លាញ់ ថ្ងៃនេះជាថ្ងៃអ្វី?....បងចាំបានទេ?!!” ស្វាមីដែលជួយលើកពោតរបស់ភរិយាឡើងបណ្តើរ ក៏តប៖ 
“បាទ! ដឹងហើយ ថ្ងៃនេះបងនឹងប្រញាប់ឈប់សម្រាកពីការងារ មិនបាច់បារម្ភទេ” 

ស្វាមីរបស់គាត់ជាអ្នកស៊ីឈ្នួលរុញរទេះ អូសរបស់នៅឯផ្សារ ចំណែកឯភរិយាគាត់ទូលពោតលក់ តាមភូមិ ជួនកាល លក់មិនសូវដាច់ គាត់ត្រូវដើរទៅភូមិឆ្ងាយៗ... 

“ យក១០ផ្លែមែនទេ? យកតែ ៥ វិញហ៎! ពោតសាច់ណែនល្អណាស់ណា...” 

ដើមរដូវក្តៅ កម្តៅថ្ងៃចែងចាំង ធ្វើឲ្យស្ត្រីទូលពោត ហត់នឿយទ្វេរដង។ ពេលបានលុយមក អារម្មណ៍ហត់នឿយក៏បាត់ ចាប់ផ្តើមមានសេចក្តីសុខវិញម្តង។ តើអ្នកដឹងទេ ថាថ្ងៃនេះជាថ្ងៃអ្វី? ជាថ្ងៃខួបកំណើតស្វាមីនាង។ 

ថ្ងៃនេះពោតលក់មិនទាន់អស់ទេ តែនាងប្រញាប់ទៅផ្សារទិញសាច់ បន្លែ ដើម្បីធ្វើម្ហូបឆ្ងាញ់ៗជូនប្តី របស់នាង តែដោយសារ ទូលពោតដែលនៅសល់ផង ត្រូវយួររបស់របរសំរាប់អាហារពេល ល្ងាចផង ធ្វើឲ្យគាត់ខកម៉ោងជួបប្តី ម៉្យាងថ្ងៃនេះត្រូវមកលក់ដល់ភូមិឆ្ងាយពីផ្ទះទៀត ណាមួយឥវ៉ាន់ធ្ងន់ផង នៅសុខៗ ទឹកភ្នែកនៃការហត់នឿយ និងឈឺចិត្តក៏បានហូរចេញមក អស់ជំរើសហើយមានតែដើរ ទៅផ្ទះសន្សឹមៗជាមួយនឹងឥវ៉ាន់ដ៏ធ្ងន់នេះ ចុះ។ 

ចំណែកស្វាមីដែលកំពុងរងចាំភរិយា ចាំយូរពេកក៏នឹកគិតតែរឿងអាក្រក់ៗ ថែមទាំងខឹងអន់ចិត្តនឹង ប្រពន្ធ ថាមេឃងងឹតទៅហើយ នៅមិនទាន់មកដល់ទៀត ពេលវេលាកន្លងយូរបន្តិច គាត់ក៏ឃើញ ភរិយាដើរត្រុកៗពីចម្ងាយ ក៏ប្រញាប់ទាញរទេះរុញ ទៅរកប្រពន្ធហើយជួយទទួលរបស់របរភរិយា ដាក់ក្នុងរទេះ ហើយក៏សួរ៖ “នែ៎!!ហេតុអ្វីក៏ថ្មើរនេះទើបមកដល់?” 

សំដីរបស់ស្វាមីក៏បានធ្វើឲ្យនាងហូរទឹកភ្នែកភ្លាមតែម្តង ហើយនាងក៏ប្រាប់តាមដំណើររឿង។ 

សម្តីរបស់ភរិយាគួរឲ្យស្រលាញ់ ធ្វើឲ្យសា្វមីប្តូរទឹកមុខក្រញ៉ូវ ទៅកម្សត់ភ្លាម ព្រោះអាណិតភរិយា តែខំបង្កើនស្នាម ញញឹមយ៉ាងស្រស់ ហើយបីភរិយាឡើងអង្គុយលើរទេះរុញរបស់គាត់ “បានហើយ! ខ្ញុំបាទជាអ្នករុញរទេះជូនព្រះនាង ទៅផ្ទះវិញណា!!..” 

  ភរិយាគាត់ជូតទឹកភ្នែក ហើយងើយមុខមកជាមួយស្នាមញញឹមដ៏ស្រស់ 

“មែនហ៎! អរគុណប្តីសំលាញ់.....” នាងនៅលើរទេះរុញចាស់ដែលស្វាមីកំពុងរុញ មានអារម្មណ៍ថា សប្បាយចិត្តរហូតដល់បេះដូងរីកធំ ទោះបីជាជើងហើមឈឺប៉ុណ្ណា ប៉ុន្តែរទេះរុញចាស់នេះប្រៀប ដូចជា រថយន្តផ្ទាល់ខ្លួនដែលអង្គុយទៅមានអារម្មណ៍ថា សប្បាយជាងបានជិះរថយន្តផ្សេងទៀត នៅលើលោក។

Written by SIV Vatana
Edited by UK Sovannara

No comments:

Post a Comment